ការប្រគល់ការងារធំ មិនគួរធ្វើដោយផ្អែកលើទំនុកចិត្តតែមួយមុខទេ តែត្រូវសាកល្បងសមត្ថភាព ចរិត ទំនួលខុសត្រូវ និងភាពចាស់ទុំជាដំណាក់កាល។ នៅពេលមនុស្សម្នាក់បង្ហាញថាអាចធ្វើការបានល្អជាបន្តបន្ទាប់ និងអាចឈរដោយខ្លួនឯងបាន ទើបសមនឹងទទួលតួនាទី និងសិទ្ធិសម្រេចចិត្តធំជាងមុន។
បើមនុស្សណាម្នាក់នៅមានចរិតមិននឹងនរ ខ្វះភាពចាស់ទុំ និងមិនទាន់មានស្ថិរភាពផ្លូវចិត្ត អ្នកនោះមិនទាន់អាចទទួលបន្ទុកការងារធំបានឡើយ។
មុននឹងប្រគល់ការងារធំ ត្រូវជួយពង្រឹងចិត្តគំនិត ស្មារតី ទំនួលខុសត្រូវ និងភាពច្បាស់លាស់របស់គេជាមុនសិន។ បន្ទាប់មក ចូរផ្ដល់ឱកាសឱ្យគេសាកល្បងការងារជាដំណាក់កាល។
ដំណាក់កាលទីមួយ ចូរផ្ដល់ការងារមួយឱ្យគេធ្វើ ហើយពិនិត្យមើលទាំងលទ្ធផល របៀបធ្វើការ ទំនួលខុសត្រូវ និងអាកប្បកិរិយារបស់គេ។ បើការងារលើកទីមួយទទួលបានលទ្ធផលល្អ ចាំផ្ដល់ការងារទីពីរ។ បើការងារទីពីរនៅតែអនុវត្តបានល្អ ចាំបន្តផ្ដល់ការងារទីបី។
នៅពេលដែលគេបង្ហាញសមត្ថភាព និងភាពទទួលខុសត្រូវបានល្អជាបន្តបន្ទាប់ ទើបអាចបង្កើនទំនុកចិត្ត និងប្រគល់ភារកិច្ចធំជាងមុនឱ្យគេកាន់កាប់បាន។ ទោះយ៉ាងណា មិនគួរប្រគល់អ្វីៗទាំងស្រុងភ្លាមៗឡើយ។
ចូរចាំថា បើចរិត និងស្មារតីរបស់គេមិនទាន់ចាស់ទុំដល់កម្រិតទេ គេនៅតែត្រូវការអ្នកណែនាំ អ្នកតាមដាន និងអ្នកជួយតម្រង់ទិសនៅក្បែរ។ វាប្រៀបដូចជាដើមឈើដែលទើបលូតលាស់៖ នៅពេលដើមនៅទន់ ត្រូវមានបង្គោលជួយទប់ឱ្យវាឈរត្រង់។ លុះត្រាតែឫសរបស់វារឹងមាំ អាចឈរដោយខ្លួនឯង និងមិនត្រូវការជន្ទល់ពីក្រោយទៀត ទើបយើងអាចដកបង្គោលចេញបាន។
មនុស្សក៏ដូចគ្នា។ នៅពេលគេមានភាពចាស់ទុំ មានគោលជំហរច្បាស់លាស់ ចេះទទួលខុសត្រូវ អាចដោះស្រាយបញ្ហា និងអាចឈរដោយខ្លួនឯងបានហើយ ទើបសមនឹងទទួលតួនាទីធំ និងសិទ្ធិសម្រេចចិត្តដោយខ្លួនឯង។
មតិយោបល់ 0